ភាពស្មោះត្រង់៖ សម្រាប់អ្វី ដើម្បីអ្នកណា និងដោយរបៀបណា?

ឥឡូវសង្ខេបចំណុចសំគាល់ខ្លះៗថាតើអ្វីទៅឬនរណាដែលយើងគួរផ្តល់ភាពស្មោះត្រង់ឲ្យនិងថាតើយើងត្រូវសំដែងភាពស្មោះត្រង់ដោយវិធីណា:

១. ការផ្តល់ភាពស្មោះត្រង់ចំពោះអល់ឡោះគឺជាគោលដៅ និង ជាគោលបំណងតែមួយគត់ ជាម្ចាស់ដែលអ្វីៗគ្រប់យ៉ាងនឹងត្រូវវិលត្រឡប់ទៅកាន់លោកវិញ។ មានតែធ្វើជាខ្ញុំបម្រើដ៏ល្អប្រសើរសម្រាប់អល់ឡោះប៉ុណ្ណោះទើបអាចធ្វើបាន ជាវិធីមួយដែលមានការពណ៌នាក្នុងគម្ពីរគួរអាន និងក្នុងពាក្យពេចន៍របស់អ្នកនាំសារដ៏ខ្ពង់ខ្ពស់។

២.  ការផ្តល់ភាពស្មោះត្រង់ចំពោះអ្នកនាំសាររបស់អល់ឡោះ។ គេអាចធ្វើបានតាមរយៈការផ្សព្វផ្សាយ សារដ៏ថ្លៃថ្នារបស់ឥស្លាមដែលគាត់(មូហាំម៉ាត់)បានពាំនាំ និង បង្ហាញដល់យើង ទោះបីជាមានបញ្ហានិងការឈឺចាប់រាប់ពុំអស់ដែលគាត់បានជួបប្រទះក៏ដោយ។ ជាការពិតណាស់នៅក្នុងការណែនាំ សាររបស់អ៊ីស្លាម និង ការណែនាំព្យាការីជាទីស្រឡាញ់ទៅកាន់មនុស្សជាតិទាំងអស់ គួរធ្វីតាមវិធីដែលអ្នកនាំសារធ្លាប់ដើរ ពោលគឺផ្សព្វផ្សាយសារទៅតាមរបៀបដែលគាត់បានអនុវត្តន៍។

៣. ស្មោះត្រង់ចំពោះគម្ពីរគួរអាន។ យើងអាចបង្ហាញភក្ដីភាពរបស់យើងដល់គម្ពីរគួរអានបាន ដោយការអានវាឲ្យបានច្រើន អនុវត្តអ្វីដែលគម្ពីរនេះបង្រៀន ដោយចាត់ទុកវាជាប្រភពតែមួយគត់ ទាំងសម្ភារៈនិង វិញ្ញាណផ្នែកស្មារតី ដោយព្យាយាមបង្ហាញពីអារម្មណ៍ខ្ពង់ខ្ពស់ និងការពិតដ៏ពិសិដ្ឋដែលយើងចម្រាញ់ចេញពីគម្ពីរពិសិដ្ឋនេះ និងផ្តល់ដល់មនុស្សជាតិទាំងអស់។

៤. ត្រូវស្មោះ​​ចំពោះ​ឥស្លាម ដោយសារតែវាជា​អំណោយ​ដ៏​អស្ចារ្យ​បំផុតនៃម្ចាស់របស់យើង ​ប្រទានមកកាន់​មនុស្ស​ជាតិ​ និង​ជា​សាសនា​ចុងក្រោយ​ដែលមានភាព​ល្អ​ឥត​ខ្ចោះ។ គេអាចសម្រេច បានភាពស្មោះត្រង់ចំពោះវា តាមរយៈកិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរបស់យើងទៅតាមគន្លងឥស្លាម វាប្រៀបបាននឹងសេះចំបាំងមួយដែលរត់ក្នុងល្បឿនថេររហូតអស់ជីវិត ដោយភាពនឿយហត់។ ដូច្នេះ តម្រូវឲ្យយើងអភិវឌ្ឍន៍(បំបាត់)នូវភាពរសើបខាងក្នុង ដែលរំខានដល់យើង រហូតទាល់តែបណ្តុំការពិតពីអល់ឡោះដែលជារូបមន្តមួយសំរាប់មនុស្ស និង ការសង្គ្រោះខាងស្មារតីទាំង​នេះ ជ្រាបដល់ពិភពលោកទាំងមូល ។

៥. ស្មោះត្រង់ទៅកាន់មនុស្សឆ្នើមទាំងអស់ តាំងពីសម័យកាលរបស់ព្យាការី រហូតដល់សម័យកាល របស់យើង ក្នុងមារគាឥស្លាម។ យើងអាចមានភាពស្មោះត្រង់ចំពោះពួកគេដោយការចងចាំពួកគេ និងបុព្វហេតុរបស់ពួកគេ។  តាមរយៈការបង្ហាញក្តីគោរព និងការចែករំលែកគុណតម្លៃប្រពៃរបស់ពួកគេមកកាន់មនុស្សក្នុងពិភពលោក។

៦. ត្រូវ​ស្មោះ​ចំពោះ​មនុស្ស​​ចាស់ជាងយើង ​ដែល​បាន​ដឹកនាំ​យើង​ក្នុង​ផ្លូវ​នៃ​ការ​បម្រើឲ្យ​​ជំនឿ ​និង ​ម្ចាស់​របស់​យើង​ក្នុង​សម័យ​ទំនើប​នេះ​។ ពួក​គេ​គឺ​ជា​អ្នក​ដែល​បាន​បង្ហាញ​យើង​ពី​របៀប​ក្នុងការយល់​និង​អនុវត្ត​សេចក្ដី​ពិត​នៃ​សាសនាឥស្លាម​នៅ​ក្រោម​កាលៈទេសៈ​​បច្ចុប្បន្ន​។ ភក្ដីភាព​របស់​យើង​ចំពោះ​ពួក​គេ​មាន​ន័យ​ថា ការនិយាយចិត្តនឹងចិត្តជាមួយ​ពួក​គេ ​ព្យាយាម​ដើម្បី​ក្លាយ​​​ជា​មនុស្សដែលពួក​គេ​រំពឹង​ទុក ឧទាហរណ៍ ជាមនុស្សគំរូ​ម្នាក់បម្រើឲ្យ​មនុស្ស​ជាតិ ​ហើយចុងក្រោយអធិដ្ឋាន​សុំពរជ័យពី​អល់ឡោះ​ ​សំរាប់ពួគគេឲ្យបានញឹកញាប់​។

អំណាន

ភាពស្មោះត្រង់ពិតប្រាកដនោះគឺការអនុវត្តអ្វីមួយដោយបុព្វហេតុអល់ឡោះ

Shams at- Tabrizi បានសន្ទនាជាមួយមិត្តភក្តិរបស់គាត់ម្នាក់ដែលត្រូវបានគេស្គាល់ថាជាមនុស្សស្វែងរកភាពពេញចិត្តពីអល់ឡោះ ។ គាត់និយាយអំពីរឿងអាថ៌កំបាំងផ្សេងៗ។ ក្រោយមកបានយូរបន្តិច គាត់ក៏និយាយថា: «ប្រសិនបើនរណាម្នាក់បង្ហាញភាពស្មោះត្រង់ក្នុងមារគារបស់អល់ឡោះតែម្តងមកកាន់យើង ក្រោយមក ពួកគេប្រព្រឹត្តអំពើឃោរឃៅមកកាន់យើងមួយពាន់ដង យើងនឹងឲ្យតំលៃចំពោះភាពស្មោះត្រង់របស់គេ ហើយលើកលែងចំពោះទង្វើឃោរឃៅរបស់គេ។ នោះគឺដោយសារតែភក្តីភាពពិតប្រាកដដែលត្រូវបានធ្វើឡើងក្នុងបុព្វហេតុអល់ឡោះ គឺមានតម្លៃឥតឧបមា។ អ្នកដែលយល់ពីតម្លៃនៃភក្តីភាពពិតប្រាកដ មិនខ្វល់នឹងអំពើឃោរឃៅទេ»។ អល់ឡោះគឺជាមិត្តដែលមានភក្តីភាពបំផុត។

ទង្វើស្មោះត្រង់មួយដែលធ្វើឡើងក្នុងមារគា របស់លោក អាចយកឈ្នះលើទង្វើកខ្វក់រាប់ពាន់ដង។ នេះគឺដោយសារ ភាពស្មោះត្រង់ពិតប្រាកដក្នុងបុព្វហេតុអល់ឡោះ ហើយទង្វើក្នុងបុព្វហេតុអល់ឡោះគឺមានតំលៃលើសពីអ្វីគ្រប់យ៉ាង ដែលវាមានទំហំធំទូលាយដែលមិនអាចវាស់ស្ទង់បាន។

ប្រសិន Shams បានបង្ហាញពីសេចក្តីស្រឡាញ់ចំពោះទង្វើដ៏ស្មោះត្រង់មួយ ក្នុងចំណោមអំពើអាក្រក់រាប់ពាន់ យើងនឹងមិនអាចគណនាបានថាតើអល់ឡោះនឹងតបស្នងរង្វាន់យ៉ាងណានោះឡើយចំពោះទង្វើស្មោះត្រង់ដែលគេត្រូវទទួលបានទៅតាមមារគារបស់លោកនោះ ហើយលោកនឹងអត់ឱនទោសកំហុសដ៏ច្រើនសន្ធឹកសន្ធាប់របស់យើងជាលទ្ធផលដែលយើងមិនអាចដឹងបាន។ ឲ្យតែបុគ្គលម្នាក់បង្ហាញពីភក្តីភាពល្អឥតខ្ចោះដោយស្មោះ ម្តងក្នុងជីវិតរបស់គាត់នោះ វាគឺជាភាពជោគជ័យអស្ចារ្យទៅហើយ៖ « ឱកាសមួយក្នុងជីវិតដែលត្រូវបានបំភ្លឺតាមរយៈទំនាក់ទំនងនឹងអល់ឡោះនេះ គឺប្រសើរជាងជីវិតរស់នៅមួយលានឆ្នាំដោយគ្មានពន្លឺពិសិដ្ឋនេះ។» មានន័យថា ពន្លឺតែមួយពេលគឺតែងតែប្រសើរជាងភាពងងឹតរាប់ពាន់ម៉ោង ព្រោះថាលទ្ធផលដែលវាផ្តល់ឲ្យគឺមិនអាចវាស់វែងបានទេ។

តើព្យាការីរបស់អល់ឡោះបានបង្ហាញពីភាពស្មោះត្រង់ដោយរបៀបណា?

ព្យាការីរបស់អល់ឡោះគឺជាមនុស្សដ៏ស្មោះត្រង់មួយរូប។ គាត់តែងតែរក្សាពាក្យសន្យារបស់គាត់និងសម្រេចបាននូវអ្វីដែលគាត់បានសន្យា។ គាត់មិនដែលបំផ្លាញកិច្ចព្រមព្រាងរបស់គាត់ ហើយក៏មិនបំភ្លេចអ្នកដែលធ្លាប់បានជួយគាត់ និង សិស្សរបស់គាត់ដែរ។ គាត់គឺជាប្រភេទមនុស្សដែលតែងតែការពារមិត្តភក្តិរបស់ខ្លួន និងសួរសុខទុក្ខ ឈឺឆ្អាលនឹងពួកគេជានិច្ច។

ភាពស្មោះត្រង់គឺជាបុគ្គលិកលក្ខណៈប្រសើរបំផុតរបស់អ្នកនាំសាររបស់អល់ឡោះ ដែលគាត់បានបង្ហាញឲ្យគេឃើញ។ គាត់​បាន​ណែនាំ​ឱ្យ​ប្រជាជន​មូ​ស្លី​មធ្វើ​ជា​មិត្ត​​ដ៏​ស្មោះត្រង់​ ​។ សូម​មើល​ឧទាហរណ៍មួយចំនួន​ពី​ជីវិត​របស់​គាត់​។ សិស្សរបស់ព្យាការីម្នាក់គឺ Abdullah Ibn Abdul Hamsa បានរៀបរាប់​ថា​: "ខ្ញុំ​បានធ្វើជំនួញមួយជាមួយនឹងអ្នកនាំសាររបស់អល់ឡោះ។ ខ្ញុំបានប្រាប់គាត់ថា «ចាំខ្ញុំទីនេះហើយ ខ្ញុំនឹងមកដល់វិញឆាប់ៗនេះ!»​តែខ្ញុំបានភ្លេចនូវអ្វីដែលខ្ញុំបានសន្យា ​។ បី​ថ្ងៃ​ក្រោយ​មក​នៅពេល​ដែល​ខ្ញុំ​ចងចាំ​ហើយ​ត្រឡប់​មក​ដល់​កន្លែង​ដែលយើងណាត់ជួបគ្នា គាត់​ ​នៅ​តែ​កំពុង​រង់ចាំ​ខ្ញុំ​។

ដូច​​​ដែល​យើង​បាន​មើល​ឃើញ​ពី​គំរូ​នេះ ​ព្យាការី​របស់​យើង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​អាចទុកចិត្តបាន​នៅ​ក្នុង​កិច្ចការជំនួញ ​ហើយ​គាត់​ជាមនុស្ស​ស្មោះ​ត្រង់​ខ្លាំង​ និងជាមនុស្សដែលមិនលេបសម្តី​របស់ខ្លួនទេ គាត់​មិន​ត្រឹមតែ​រង់ចាំ​មិត្ត​របស់​គាត់​ចំនួន​បី​ថ្ងៃ​ប៉ុណ្ណោះ​ទេ ​តែគាត់ថែមទាំង​ព្រួយ​​បារម្ភ​យ៉ាង​ខ្លាំងពី​​មិត្ត​ភក្តិ​របស់​គាត់ បារម្ភថាគេអាចនឹង​មាន​បញ្ហា​។

Mut'im Ibn Adiyy គឺ​ជា​មេដឹកនាំអជំនឿ​ម្នាក់ក្នុងចំណោម​​​កុលសម្ព័ន្ធ Quraysh​ ។ នៅពេល​ដែល​អ្នក​នាំ​សារ​របស់​អល់ឡោះ ​​បានធ្វើដំណើរពីតំបន់ Taif​ ​មក​ផ្ទះវិញ ស​ត្រូវ​របស់​គាត់​បាន​ព្យាយាម​រារាំង​គាត់​មិន ឲ្យចូលទីក្រុង Mecca ។ ក្រោយពីបានដឹងអំពីផែនការនេះ  ព្យាការី​របស់​អល់ឡោះ​បាន​ស្នើ​សុំ​ការ​ការពារ​ពីមេដឹកនាំក្នុងទីក្រុង Mecca ដទៃទៀត។ ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​សំណើ​របស់​គាត់​ មាន​តែ Mur'im ទេ ដែលបំពាក់កំលាំងឲ្យកូនប្រុសគាត់ និង ជួយការពារព្យាការីរបស់យើងឲ្យចូលក្នុងទីក្រុងដោយមានសុវត្ថិភាព។

ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ Mut'im បានរួមដៃជាមួយក្រុមអជំនឿប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​មូ​ស្លី​ម​នៅ​ក្នុង​សមរភូមិ​ Badr(ឈ្មោះតំបន់មួយ) និង​ត្រូវ​បាន​គេសម្លាប់​។ លោក Hassan ជាអ្នកនិពន្ធកំណាព្យមួយរូបដែលព្យាការីពេញចិត្ត ​បាន​សរសេរ​កំណាព្យ​មួយ​បន្ទាប់​ពី​ការ​ស្លាប់​របស់ Mut'im​ ដោយ​សរសើរ​គាត់​ចំពោះការ​ការពារ​ព្យាការី​របស់អល់ឡោះជាច្រើន​ឆ្នាំ​មកនេះ​។ ព្យាការីពេញចិត្តនឹងភក្តីភាពដែលមនុស្សធ្វើមក កាន់គាត់។ បើយើងចង់ដឹងពីអារម្មណ៍ពិតរបស់ព្យាការីចំពោះភក្តីភាព យើងគប្បីពិចារណាពីព្រឹត្តការណ៍មួយ។ ​នៅពេល​ជនមូ​ស្លី​ម​បានកំពុងពិភាក្សា​គ្នា​ថាតើគួរធ្វើបែបណាចំពោះ​អ្នកទោស​សង្គ្រាម​ពី​សមរភូមិ Badr ព្យាការីបាននិយាយថា​: «​ប្រសិន​បើ Mut'im Ibn Adiyy នៅមានជីវិត  និងប្រសិនបើគាត់សំណូមពរ ឲ្យដោះលែងអ្នកទោសទាំងនោះ ខ្ញុំនឹងធ្វើតាមសំណើររបស់គាត់ដោយគ្មានលក្ខខណ្ឌ។​»​។

ព្យាការីរបស់យើងក៏មានភក្តីភាពជាមួយនឹងសម្ព័ន្ធមិត្តរបស់គាត់ដែរ។ ឧទាហរណ៍ កុលសម្ព័ន្ធ របស់ Khuza'a ដែលបានចងសម្ព័ន្ធមិត្តជាមួយនឹងជនមូស្លីមក្នុងសន្ធិសញ្ញាសន្តិភាព Hudaybiya ត្រូវបានវាយប្រហារដោយកុលសម្ព័ន្ធ Bakr ជាកុលសម្ព័ន្ធដែលចងសម្ព័ន្ធមិត្តជាមួយក្រុម Quraysh ក្នុងសន្ធិសញ្ញាមួយ ។ តាមពិតទៅ ប្រជាជន Quraysh គឺជាមេក្លោង និងជាអ្នកគាំទ្រពីក្រោយការវាយប្រហារនេះ។ មេ​ដឹក​នាំ ​កុ​ល​សម្ព័ន្ធ Khuza'a បាន​មកជួបជាមួយ​ព្យាការី​​ដើម្បី​ពិភាក្សា​បញ្ហា​នេះ​ បន្ទាប់មក ព្យាការីក៏បានចាប់ ផ្តើមរៀបចំយុទ្ធសាស្ត្រ និងកងទ័ពភ្លាម។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​សៀវភៅ​ប្រវត្តិ​សា​ស្រ្ត ​វា​ជា​បុព្វហេតុ​នៃ​ការ​យកឈ្នះ  Mecca ។ ដូច្នេះ​ព្យាការី​របស់​យើង​មិនបានទុកសម្ព័ន្ធមិត្ត​របស់​គាត់​តែ​ម្នាក់​ឯង​នៅ​ពេលពួកគេកំពុងជួបវិបត្តិនោះទេ។

លើស​ពី​នេះ​ទៅទៀត​ ព្យាការី​របស់​យើង​ក៏មានភាពស្មោះត្រង់ចំពោះអ្នកដែលជួយសិស្សរបស់គាត់ផងដែរ ។ ធ្លាប់មាន​ពេល​មួយ អ្នកនាំសារស្តេច Abyssinian បានមកជួបជាមួយនឹងអ្នកនាំសាររបស់អល់ឡោះ។ ព្យាការីយើងទទួលស្វាគមន៍ ពួកគេយ៉ាងកក់ក្តៅ។ សិស្សរបស់គាត់ខ្លះនិយាយទៅកាន់គាត់ថា ​: «​ឱព្យាការីរបស់អល់ឡោះ​! សូមសំរាកចុះ! ពួកខ្ញុំអាចទទួលស្វាគមន៍ពួកគាត់បានយ៉ាងល្អបំផុត!»

ប៉ុន្ដែគាត់បានឆ្លើយតបមកវិញថា៖ «ពួកគេបានផ្តល់កន្លែងដែលមានសុវត្ថិភាពសម្រាប់សិស្ស)ខ្ញុំ ដែលបានធ្វើអន្តោប្រវេសន៍មកកាន់ទឹកដីរបស់ពួកគេ និងបានស្វាគមន៍ពួកគេយ៉ាងរាក់ទាក់។ ពេលនេះ ខ្ញុំក៏ត្រូវធ្វើដូចគ្នាដែរ។»

ព្យាការីរបស់យើង បានទទួលស្វាគមន៍កុលសម្ព័ន្ធដែលមកធ្វើទស្សនកិច្ចនៅ Medina យ៉ាងកក់ ក្តៅបំផុត។ សម្រាប់បុគ្គលតំណាងកុលសម្ព័ន្ធរបស់ខ្លួនដែលបានមកពីតំបន់ឆ្ងាយ ដើម្បីមករៀនពីឥស្លាម ព្យាការីបានរៀបចំ ផ្ទះសំណាក់ដោយផ្ទាល់សម្រាប់ឲ្យពួកគេស្នាក់អាស្រ័យ។ គាត់ទទួលពួកគេយ៉ាងកក់ក្តៅ គាត់បានចាត់តាំងគ្រូសំរាប់ឲ្យទៅបង្រៀនពួកគេ និង ផ្តែផ្តាំមិត្តរបស់គាត់ ប៉ុន្មាននាក់ដើម្បីផ្តល់ជាជំនួយសម្រាប់ពួកគេផងដែរ។ នៅពេលដែលពួកគេត្រឡប់ទៅកុលសម្ព័ន្ធរបស់ពួកគេវិញ គាត់បានផ្តល់អំណោយខ្លះ ដូចជា សំលៀកបំពាក់ថ្មី និងអាហារសម្រាប់ធ្វើដំណើរទៀតផង។ គាត់ជូនពរពួកគេឲ្យត្រឡប់ទៅផ្ទះវិញដោយមានសុវត្ថិភាព ដោយសង្ឃឹមថា ពួកគេនឹងមិនបំភ្លេចពីអ្វីដែលពួកគេទទួលបានពីដំណើរនេះ ដោយសារតែដំណើរពួកគេលើកនេះគឺ ដើម្បីមកសិក្សាពីសាសនាឥស្លាមពីគាត់។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។